នាថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំសែនក្រអូប៖ លោក ឆែ ពេជ្រ អនុប្រធានមន្ទីរ បានចូលរួមក្នុងកិច្ចប្រជុំតម្រង់ទិស និងសំណេះសំណាលជាមួយមន្រ្តីកសិកម្មឃុំ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងជួបប្រជុំតម្រង់ទិស និងសំណេះសំណាលជាមួយមន្រ្តីកសិកម្មឃុំ ដែលបានប្រឡងជាប់ចូលក្របខណ្ឌបំរើការងារកន្លងទៅ និងមន្រ្តីកសិកម្មឃុំដែលបានប្រឡងជាប់ចូលក្របខណ្ឌថ្មីក្នុងឆ្នាំ២០២៤ ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលមានចំនួនសរុប ៦៩រូប លើ ៦៩ឃុំ-សង្កាត់ នៃខេត្តកំពង់ស្ពឺ។ នេះជាសម្មិតិផលមួយថ្មី ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវគោលនយោបាយអទិភាពសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្ម ដោយបានពង្រាយមន្រ្តីកសិកម្មឃុំអោយបានគ្រប់ឃុំ-សង្កាត់ទាំងអស់ ជាក់ស្តែងក្នុងខេត្តកំពង់ស្ពឺទទួលបានមន្រ្តីកសិកម្មឃុំចំនួន ៦៩រូប ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ហើយក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលនឹងជ្រើសរើសមន្រ្តីកសិកម្មឃុំអោយបានគ្រប់ ៨៨ឃុំ-សង្កាត់ទាំងអស់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺទាំងមូល។
នេះបង្ហាញអោយឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មអោយមានភាពរីកចម្រើនទៅមុខ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត បានធ្វើការណែនាំ និងលើកទឹកចិត្តដល់មន្ត្រីកសិកម្មឃុំទាំងអស់ខិតខំប្រឹងប្រែងធ្វើការអោយបានល្អក្នុងការបម្រើកសិករ ជាពិសេសក្នុងការជម្រុញការកាត់បន្ថយថ្លៃដើម និងការផលិតកសិផលប្រកបដោយគុណភាពផ្សារភ្ជាប់មកទីផ្សារដើម្បីអោយកសិករទទួលប្រាក់ចំណូលខ្ពស់។