ខេត្តកំពង់ស្ពឺ ជាខេត្តមួយក្នុងចំណោម ២៥ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ហើយមានចម្ងាយ ៤៨ គីឡូម៉ែត្រ ខាងលិចរាជធានីភ្នំពេញ ដែលឆ្លងកាត់ដោយផ្លូវជាតិលេខ៤ មានព្រំប្រទល់ ខាងកើតជាប់នឹងខេត្តតាកែវ និងខេត្តកណ្តាល ខាងត្បូងជាប់នឹងខេត្តតាកែវ និងខេត្តកំពត ខាងលិចជាប់នឹង ខេត្តព្រះសីហនុ និងខេត្តកោះកុង ខាងជើងជាប់នឹងខេត្តកំពង់ឆ្នាំង និងខេត្តពោធិសាត់ ។ យោងតាមលក្ខណៈភូមិសាស្ដ្រខ្ពង់រាប កណ្ដាល ខេត្ដកំពង់ស្ពឺ ចែកចេញជា ៧ស្រុក និង១ក្រុង រួមមាន ៨២ ឃុំ និង៥សង្កាត់ ដែលមានចំនួន ១ ៣៧៩ ភូមិ ក្នុងនោះភូមិមានក្របខ័ណ្ឌ ១ ៣៤៩ ភូមិ និងភូមិគ្មានក្របខ័ណ្ឌចំនួន ៣០ ភូមិ និងមានគ្រួសារសរុបចំនួន ១៨៨ ៥៨៥ គ្រួសារ ហើយប្រជាពលរដ្ឋសរុបចំនួន ៨៧០ ០៨១ នាក់ ក្នុងនោះស្រីចំនួន ៤៤៦ ៤៣១ នាក់ ។ ដង់ស៊ីតេប្រជាពលរដ្ឋ១២២នាក់ក្នុងមួយគីឡូមែត្រការ៉េ និងមានចំនួនសមាជិកគ្រួសារជាមធ្យម ៥នាក់ ប្រជាពលរដ្ឋមានកំណើនមធ្យមចំនួន ១,៤៩ ភាគរយក្នុងឆ្នាំ២០១៨ ។
ខេត្ដមានផ្ទៃដីសរុប ៦ ៩៦៩,៦៣ គីឡូម៉ែត្រការ៉េ និងផ្ទៃដីស្រែសរុបចំនួន ១១១ ៧០៦,៨០ ហិចតា ផ្ទៃដីចម្ការដាំដំណាំរយៈពេលខ្លីចំនួន ៥ ៩៣០ ហិកតា ផ្ទៃដីចម្ការដាំដំណាំរយៈពេលវែងចំនួន ៤៦ ៨៣៩ ហិកតា ក្រៅពីនេះមានផ្ទៃដីព្រៃភ្នំ និងដីសំណង់ ធារាសាស្រ្តចំនួន ៥២២ ៦៧៩ ហិចតា អត្រាប្រជាពលរដ្ឋមានមុខរបរកសិកម្មជាចម្បងមានចំនួន ៥៨,០០ ភាគរយ ។
ផ្ទៃដីរបស់ខេត្តប៉ែកខាងលិចគ្របដណ្តប់ដោយជួរភ្នំក្រវ៉ាញ ដែលជាហេតុធ្វើឱ្យខេត្តខ្សត់ទឹកភ្លៀង ដោយសារខ្យល់ និងកម្ពស់ជួរភ្នំក្រវ៉ាញ ដែលបាននាំទឹកភ្លៀងមួយចំនួនធំធ្លាក់ទៅតំបន់ផ្សេងៗ។ ប៉ុន្តែខេត្តអាចជៀសវាងបានយ៉ាងងាយពីការប៉ះទង្គិចដោយខ្យល់ព្យុះ ។ ភាគខាងជើងគ្របដណ្តប់ដោយតំបន់ទំនាបសម្បូរទៅដោយដីមានជីជាតិដែលបង្កលក្ខណៈងាយស្រួលដល់ការងារបង្កបង្កើនផលកសិកម្ម ពិសេសដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗម្យ៉ាងទៀតស្ទឹងព្រែកត្នោត ជាស្ទឹងមួយដែលហូរកាត់ខេត្តកំពង់ស្ពឺ បាននាំនូវប្រភពទឹកមកស្រោចស្រពដីទំនាបទាំងឡាយដែលកត្តាទាំងនេះហើយនាំឱ្យចំនួនប្រជាកសិករមានរហូតដល់ ៥៨,០០ ភាគរយ ។ ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តីផ្ទៃដីខេត្តទាំងមូលទទួលបាននូវកម្រិតទឹកភ្លៀងតិចជាងបណ្តាខេត្តផ្សេងៗទៀត និងដោយសារខ្វះខាតប្រភពទឹកមេ និងប្រព័ន្ធប្រឡាយចែកចាយខ្នាតតូចសម្រាប់ធ្វើការស្រោចស្រព ។
ខេត្តមានផ្លូវជាតិសំខាន់ៗចំនួន៥ខែ្ស៖ (១)-ផ្លូវជាតិលេខ៤ តភ្ជាប់ពីព្រំប្រទល់ខេត្តកណ្តាល (ថ្នល់ទទឹង) ដល់ព្រំប្រទល់ខេត្តព្រះសីហនុ (២)- ផ្លូវជាតិលេខ ៤១ តភ្ជាប់ពីព្រំប្រទល់ខេត្តកណ្តាល (ថ្នល់ទទឹង) ដល់ព្រំប្រទល់ ខេត្តតាកែវ (៣)- ផ្លូវជាតិលេខ ៥ តភ្ជាប់ពីព្រំប្រទល់ខេត្តកណ្តាល ទៅដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង (៤)-ផ្លូវជាតិ លេខ ៥១ តភ្ជាប់ពីផ្សារវាំងចាស់ក្នុងស្រុកឧដុង្គទៅដល់ ផ្សារថ្នល់ទទឹងផ្លូវជាតិលេខ ៤ (៥)-ផ្លូវជាតិលេខ ៥២ តភ្ជាប់ពីផ្សារវាំងចាស់ទៅដល់ក្រុងច្បារមន (ផ្លូវបំបែកច្បារមន) ស្ថិតនៅក្នុងសង្កាត់ច្បារមន ។
អាកាសធាតុខេត្តកំពង់ស្ពឺចែកចេញជារដូវវស្សា និងរដូវប្រាំងបរិមាណទឹកភ្លៀងមធ្យមប្រចាំឆ្នាំមានការប្រែប្រួលពី ១ ០០០ ម.ម ទៅ ១ ៣០០ ម.ម ។ រដូវវស្សាជាទូទៅចាប់ផ្តើមពីខែមេសាដល់ពាក់កណ្តាលខែតុលា ។ រយៈពេលនេះកសិករជាទូទៅមានការរវល់ច្រើនក្នុងការបង្កបង្កើនផល ។ នៅក្នុងរដូវវស្សាតែងតែមានកូនរដូវប្រាំងមួយដែលតែងតែកើតឡើងក្នុងរយៈពេលពីខែមិថុនា ឬ ខែកក្កដា ហើយឆ្នាំខ្លះកើតឡើងក្នុងខែសីហា ។ រដូវប្រាំងចាប់ផ្តើមពាក់កណ្តាលខែតុលារហូតដល់ខែមីនា ។ បរិមាណទឹកភ្លៀងច្រើនជាងគេមាននៅក្នុងខែតុលា និងខែវិច្ឆិកា ។ បរិមាណទឹកភ្លៀងច្រើនជាងគេមាននៅក្នុង ខែតុលា និងខែវិច្ឆិកា ។ បរិមាណទឹកភ្លៀងដើរតួយ៉ាងសំខាន់លើការលូតលាស់ដំណាំគ្រប់ប្រភេទការបង្កើនទិន្នផល និងបរិមាណផលរបស់ដំណាំ ។ របបទឹកភ្លៀងនៅប្រទេសកម្ពុជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងរបបខ្យល់មូសុង នៅពេលខ្យល់បក់ពីទិសនីរតី ទៅទិសឦសាន្តគឺពីខែឧសភាដល់ខែតុលា ដែលខ្យល់នាំទឹកភ្លៀងមកជាមួយ ។
ការអភិវឌ្ឍវិស័យកសិកម្មក្នុងខេត្តនៅរណបរបបទឹកភ្លៀងនៅឡើយ ព្រោះការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តក្នុងខេត្តនៅមានកម្រិតទាបដែលទាមទារត្រូវអភិវឌ្ឍន៍បន្ថែម និងស្តារឡើងវិញ ។ បរិមាណទឹកភ្លៀងពីឆ្នាំ២០១៤-១០១៨ បានបង្ហាញថា បរិមាណទឹកភ្លៀងមានការប្រែប្រួលពី ១ ០២៥ ម.ម ទៅ ១ ២៥២ ម.ម ដែលអំណោយផលដល់ការលូតលាស់ដំណាំ សត្វគ្រប់ប្រភេទ ដោយឡែកនៅឆ្នាំ២០១៨ នេះបរិមាណទឹកភ្លៀងមានត្រឹមតែ ១ ១៥៤ ម.ម ដែលជះឥទ្ធិពលអាក្រក់លើដំណាំគ្រប់ប្រភេទ និងសត្វគ្រប់ប្រភេទ ។ ក្រៅពីនេះមន្ទីរកសិកម្មសង្កេតឃើញមានកត្តាអវិជ្ជមានមួយចំនួនទៀតដូចជា៖ របាយទឹកភ្លៀងធ្លាក់ពុំបានស្មើសព្វគ្រប់ក្រុង-ស្រុក កម្រិតទឹកភ្លៀងបានធ្លាក់តិចតួចនៅដើមរដូវ និងច្រើននៅពាក់កណ្តាលរដូវ និងចុងរដូវដែលជះឥទ្ធិពលទៅលើល្បឿននៅការដាំដុះ និងទិន្នផលដំណាំគ្រប់ប្រភេទ ។