ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ ដឹកនាំមន្ត្រីការិយាល័យជំនាញ អមដំណើរឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះទស្សនកិច្ចនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ក្នុងដំណើរទស្សនកិច្ចស្វែងយល់នេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានណែនាំឱ្យក្រុមហ៊ុនធ្វើការសិក្សាបន្ថែមលើការផលិតថាមពលអគ្គិសនីតាមរយៈធ្យូងអង្កាមសម្រាប់ផលិតស្រូវអង្ករ ដើម្បីកាត់បន្ថយថ្លៃដើមផលិត និងជួយគាំទ្រវិស័យកសិកម្មផ្សាភ្ជាប់ឧស្សាហកម្ម។ ការណ៍នេះគ្រាដែលដឹកនាំក្រុមការងារបច្ចេកទេសក្រសួងនិងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ស្ពឺ អាជ្ញាធរខេត្ត ស្រុកគងពិសីចុះទស្សនកិច្ចនៅរោងចក្រអង្ករខ្មែរ ហ៊្វូត គ្រុប (KHMER FOODS GROUP)និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិករព្រៃវិហារ ស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។នៅក្នុងឱកាសនោះលោក ឌិត ឌីណា បានចុះត្រួតពិនិត្យពីខ្សែចង្វាក់ផលិតកម្មរបស់រោងចក្រអង្ករនិងបានពិនិត្យមើលពីសណ្ឋានភាពទំហំស្តុកជាក់ស្តែងសម្រាប់ជួយអន្តរាគមន៍ប្រជាកសិករដាំស្រូវ។ហើយលើសពីនេះលោកបានណែនាំដល់រោងចក្រអង្ករឱ្យមានការសិក្សាបន្ថែមពីការទទួលយកថាមពលអគ្គីសនីតាមរយៈធ្យូងអង្កាមសម្រាប់ផលិតកម្មស្រូវអង្ករពិចារណាក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការវិនិយោគ សំដៅកាត់បន្ថយថ្លៃដេីមផលិត និងជួយគាំទ្រវិស័យកសិកម្មផ្សាភ្ជាប់ឧស្សាហកម្ម។ជាមួយនោះលោកបានដឹកនាំក្រុមការងារបន្តជួបសំណេះសំណាលជាមួយសហគមន៍កសិករព្រៃវិហារ ដែលមានសមាជិក៩៤៥នាក់ ធ្វើទៅលើផលិតកម្មបន្លែ និងការដាំស្រូវវស្សាសម្រាប់អាជីវកម្ម។ទន្ទឹមនឹងនេះ លោកបានលើកទឹកចិត្តដល់សហគមន៍ឱ្យពិនិត្យលទ្ធភាពក្នុងការជំរុញទៅជាសហគមន៍កសិកម្មទំនើបដែលមានទុនគ្រប់គ្រាន់ មានប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប មានផែនការផលិតច្បាស់លាស់ មានការគាំទ្រពីក្រសួងកសិកម្ម និងមានទីផ្សារពិតប្រាកដ។រដ្ឋមន្ដ្រីកសិកម្ម បានលើកឡើងដោយគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់ និងប្រសិទ្ធភាពសេដ្ឋកិច្ចនៃការប្រើប្រាស់ពូជស្រូវខ្មែររួមមាន ពូជស្រូវសែនក្រអូប និងផ្ការំដួល ដែលបានរក្សានូវតម្លៃទីផ្សារបានយ៉ាងល្អ មានតម្រូវការទីផ្សារខ្ពស់ និងមានការអន្តរាគមន៍ពីក្រសួងកសិកម្មផ្ទាល់ ជាជាងការដាំពូជស្រូវដែលនាំចូលពីបរទេស។បន្ថែមពីនេះលោករដ្ឋមន្ដ្រីក៏បានលើកទឹកចិត្តឱ្យប្រជាកសិករពិចារណារួមគ្នាក្នុងការឆ្លេីយតបឱ្យចំគោលដៅ និងត្រឹមត្រូវគ្រប់ជ្រុងជ្រោយទៅលើអ្នកកេងចំនេញដើម្បីប្រជាប្រិយភាពនិងអ្នកកេងចំនេញប្រយោជន៍នយោបាយតាមបណ្តាញសង្គម ដោយបានយកផលលំបាករបស់ប្រជាកសិករនិងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលធ្វេីជាអាជីវកម្មនិងបង្កើនភាពល្បីល្បាញរបស់ខ្លួនផងដែរ