មាតិកា
សកម្មភាពការដាំដំណាំបន្លែ របស់សហគមន៍កសិកម្ម ស្រុកថ្ពង និងស្រុកឱរ៉ាល់។
ចេញ​ផ្សាយ ០៤ មករា ២០២៥
49

សកម្មភាពការដាំដំណាំបន្លែ របស់សហគមន៍កសិកម្មស្រុកថ្ពង និងស្រុកឱរ៉ាល់។

 

នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥

 

លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានចុះពិនិត្យសកម្មភាពការដាំដំណាំបន្លែ របស់សហគមន៍កសិកម្មស្រុកថ្ពង និងស្រុកឱរ៉ាល់ អមដំណើរដោយលោក ជូ សារឹម ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ។

លោកប្រធានមន្ទីរ បានជំរុញ និងគាំទ្រ ប្រជាកសិករសហគមន៍កសិកម្មស្រុកថ្ពង និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានមកដាំបន្លែសរីរាង្គ ហើយគិតពីទីផ្សារមុនដាក់ដាំដំណាំ ដើម្បីកសិករយើងមានទីផ្សារល្អ  ។ លោកបានបន្តថា ដើម្បីមានភាពងាយស្រួលទាំងអ្នកផលិត និងអ្នកទិញ មន្ទីរកសិកម្មក៏បានរៀបចំបង្កើតសហគមន៍កសិកម្ម ក្នុងការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ធន់និងបម្រែបម្រួលអាកាសធាតុ មិនពិបាកថែទាំ ហើយចំណាយពេលវេលាតិច ទទួលបានទិន្នផលខ្ពស់ ពិសេសគ្មានសារធាតុគីមី ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ការដាំបន្លែសរីរាង្គ គឺមានការរីកលូតលាស់ច្រើន ដែលមានតាមរយ:គម្រោង ផ្សេងៗ មានកម្មវិធីផ្សេងៗយើងបានសង់ផ្ទះសំណាញ់ជូនប្រជាពលរដ្ឋ គាត់ដាំក្នុងផ្ទះសំណាញ់ អ៊ីចឹងផលដំណាំនៅក្នុងផ្ទះសំណាញ់វាល្អ ហើយវាមានសុវត្ថិភាព អ៊ីចឹងគាត់អាចដាំបានពេញមួយឆ្នាំ ឃើញថាបន្លែគឺវាកំពុងតែរីកផុសផុលហើយក្នុងខេត្តកំពង់ស្ពឺ នឹងមិនមានបញ្ហាអ្វីទេ។ ក្នុងការចុះពិនិត្យការដាំដុះបន្លែនេះ យើងបានចុះចំនួន ៤សហគមន៍ មាន សហគមន៍កសិកម្មស្ត្រីក្តីសង្ឃឺមជីវិតថ្លៃថ្នូរប្រាំបីមុម សហគមន៍កសិកម្មសាមគ្គីអមលាំង សហគមន៍កសិកម្មគាំទ្រស្ត្រីត្រពាំងជោរ និង សហគមន៍កសិកម្មស្ត្រីសាមគ្គីសង្កែសាទប។ ក្នុងចំណោមសហគមន៍ទាំង៤នេះ ជាក់ស្តែង អ្នកស្រី ទឹម សំណូល ប្រធានសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង ការដាំដុះបន្លែលើទឹក (Hydroponic) ជាការដាំដុះមួយបែបដែលត្រូវបានសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង ខេត្តកំពង់ស្ពឺ បានទទួលជោគជ័យ ក្នុងការដាំសម្រាប់ផ្គត់ផ្គង់ទីផ្សារដែលបច្ចុប្បន្នអាចឈានទៅដល់បញ្ជូនទៅលក់កាន់ទីផ្សារទាំងក្នុងតំបន់ និងមួយផ្នែកទៀតបានចែកចាយលក់ទៅកាន់បណ្តាខេត្តដទៃទៀត។ សហគមន៍កសិកម្ម កសិករសាមគ្គីអមលាំងស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្ត កំពង់ស្ពឺ។

អ្នកស្រី ទឹម សំណូល ប្រធានសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំងបានឱ្យដឹងថា បច្ចេកទេសដាំបន្លែលើទឹក ពោលគឺជាការដាំដោយមិនប្រើដីជា វិធីសាស្រ្តមួយដែលសហគមន៍របស់អ្នកស្រីបានទទួលជោគជ័យ និងព្រមជាមួយគ្នាថែមទាំងបានឈានទៅដល់បណ្តុះបណ្តាលដល់សហគមន៍ដទៃសម្រាប់សិក្សារៀនសូត្រជំនាញដើម្បីអនុវត្តក្នុងសហគមន៍របស់ខ្លួនថែមទៀត។ ក្រៅពីការដាំបន្លែលើទឹកនេះអ្នកស្រីក៏បានធ្វើការបណ្តុះបណ្តាលប្រជាសហគមន៍ ដែលកាលពីមុនមកមិនចេះដាំបន្លែ ចិញ្ចឹមសត្វ តែក្រោយការបង្កើតសហគមន៍ពួកគាត់បាននាំគ្នាដាំបន្លែបង្កា និងចិញ្ចឹមសត្វធ្វើឱ្យជីវភាពផ្លាស់ប្តូរ ។ កាលពីមុនពួកគាត់ខ្លះបានចូលព្រៃកាប់ឈើ និងបរបាញ់សត្វ ខ្លះធ្វើចំណាកស្រុក ខ្លះស៊ីឈ្នួលធ្វើស្មៅតាមចំការអំពៅឱ្យគេ តែបច្ចុប្បន្នបានងាកមកដាំបន្លែចិញ្ចឹមសត្វ ហើយបើក្រឡេកមកមើលជីវភាពពួកគាត់ឃើញថាល្អប្រសើរឡើងបន្តបន្ទាប់ ។

អ្នកស្រីបានបន្តឱ្យដឹងថា ក្នុងរយៈពេល១ខែដែលមាន២៣ធ្នើគឺអាចហុចផលប្រមាណ១តោន៥០០គីឡូក្រាមដោយបានថវិការសរុបជាង ១ពាន់ដុល្លារអាមេរិក ក្នុង១ខែឬបើមានការដាំចម្រុះថវិកាដែលទទួលបានក៏ច្រើនជាងនេះដែរ ពោលគឺអាស្រ័យទៅលើការហុចផល និង តម្លៃលើទីផ្សារប៉ុណ្ណោះ។

ក្នុងរយៈពេលដាំបន្លែលើកទឹកជាង៧ឆ្នាំមកនេះអ្នកស្រី ទឹម សំណូល បានឱ្យដឹងថាជួបឧបសគ្គខ្លះៗពិសេសពេលដំបូងអ្នកស្រី អាចដាំបានត្រឹម៣ទៅ៤ធ្នើ ហើយក៏បានចាប់ផ្តើមបង្កើនចំនួនបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្នបានពង្រីកដល់ជាង ២០ធ្នើ ហើយការរកចំណូលក៏បានខ្ពស់ទៅតាមនោះដែរ។

លោកប្រធានមន្ទីរបានថ្លែងការកោតសរសើរដល់គណៈកម្មការសហគមន៍ និងគាំទ្រលើកទឹកចិត្តដល់សមាជិកសហគមន៍ទាំងអស់សូមខិតខំបន្ថែមទៀតដើម្បីសេដ្ឋកិច្ចគ្រួសារផង លើកកម្ពស់ផលិតកម្មក្នុងស្រុករបស់យើងផង និងប្រើប្រាស់ពេលវេលា ធនធានទាំងសម្ភារៈ កម្លាំងពលកម្មដែលយើងមាន ជាជាងចំណាកស្រុកទៅធ្វើការនៅក្រៅសហគមន៍។

មន្ទីរកសិកម្មខេត្តចង់អោយមានទីផ្សាររួមរបស់សហគមន៍មួយដើម្បីអោយមានការប្រមូលផ្តុំកសិផលបង្ករភាពងាយស្រួលទៅដល់ដៃគូរ អ្នកទទួលទិញ មានទីតាំងមួយពិតប្រាកដ បរិមាណបន្លែជាក់លាក់ជាប្រចាំ នៃកសិផលដែលយើងបានផលិត និងងាយស្រួលនាំចេញទៅខាងក្រៅបាន។

ចំនួនអ្នកចូលទស្សនា
Flag Counter