មាតិកា
កូនត្រី និងមេពូជជាង២ម៉ឺនក្បាលត្រូវបានលែងចូលក្នុងស្រះសហគមន៍ជម្រកត្រីធម្មជាតិ
ចេញ​ផ្សាយ ១៨ កញ្ញា ២០២៤
164

    ខេត្តកំពង់ស្ពឺ៖ កូនត្រី និងមេពូជប្រមាណជាង២ម៉ឺនក្បាលត្រូវបានលោក យឹម ណន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺអញ្ជើញចូលរួមក្នុងពិធីព្រលែងត្រីមេពូជចូលក្នុងស្រះសហគមន៍ជម្រកត្រីធម្មជាតិដែលរៀបចំដោយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាបនៃរដ្ឋបាលជលផលថ្នាក់កណ្តាល ដើម្បីជួយអភិរក្សធនធានធម្មជាតិជលផលដែលកំពុងរងនូវការបំផ្លាញដោយជនមួយចំនួនតូច ដែលធ្វើការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ ស្តីពីជលផល កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងភូមិពោធិកោង សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

លោក យឹម ណន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺបានឱ្យដឹងថា ដោយសារតែមានការនេសាទខុសច្បាប់ជាច្រើនតែងតែ បំផ្លាញធនធានធម្មជាតិ និងមច្ឆាជាតិ ទើបមន្ទីរនិងជំនាញតែងតែគិតគូរក្នុងការអភិរក្ស និងព្រលែងត្រីជារៀងរាល់ឆ្នាំ។ ហើយនៅក្នុងឱកាសនោះក៏មានការដុតបំផ្លាញឧបរកណ៍នេសាទផ្ទុយពីច្បាប់ជលផល មានលូស្បៃមុងប្រវែង១៥២០ម៉ែត្រ និងអាំងវទ័រដែលជាឧបករណ៍ឆក់ត្រីឆក់ត្រីចំនួន៥គ្រឿងផងដែរ។

ជាចុងក្រោយលោក យឹម ណន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទយើងទាំងអស់គ្នាឱ្យចូលរួមថែទាំងនិងអភិរក្សធនធានជលផលដែលយើងមាននេះ ឱ្យនៅជានិរន្តនិងសូមឱ្យធ្វើការនេសាទស្របទៅតាមច្បាប់លិខិតបទដ្ឋាន ឬក៏នេសាទជាលក្ខណៈគ្រួសារ ចៀសវាងការនេសាទប្រើប្រាស់ឧបករណ៍ខុសច្បាប់ ធ្វើឱ្យផ្ទុយនិងច្បាប់ទទួលទោសទណ្ឌស្តីពីច្បាប់ជលផលផងដែរ។

លោក យឹម ណន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺបានបញ្ជាក់ថា÷ ស្រះសហគមន៍ជម្រកត្រីធម្មជាតិសរុបទូទាំងខេត្តមានចំនួន៧០កន្លែង ក្នុងនោះនៅក្នុងក្រុងឧដុង្គម៉ែជ័យមានចំនួន០២កន្លែង។ ចំពោះកូនត្រី និងមេពូជត្រីដែលបានព្រលែងក្នុងស្រះសហគមន៍ត្រីធម្មជាតិនេះ មានត្រីឆ្ពិនចំនួន៩៣០០ក្បាល ត្រីប្រាចំនួន៩៥០០ក្បាល ត្រីពោ ចំនួន១២០០ក្បាល និងកូនត្រីរ៉ស់ចំនួន៦០គីឡូក្រាមផងដែរ៕

ចំនួនអ្នកចូលទស្សនា
Flag Counter