នាថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០
ស្រុកបសេដ្ឋ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក ឈៀង តុលា ប្រធានមន្ទីរ បានចូលរួមក្នុងកម្មវិធីចែកស្រូវពូជផ្ការំដួលដល់សមាជិកបណ្តុំអាជីវកម្មស្រូវក្រអូប របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ក្រោមអធិបតីភាពឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកអភិបាលស្រុកបសេដ្ឋ មន្ទីរជំនាញជុំវិញខេត្ត លោកមេឃុំ មេភូមិ និងប្រជាកសិករដែលជាសមាជិកបណ្តុំ ស្ថិតនៅក្នុងភូមិត្រពាំងអណ្តូង ឃុំនិទាន ដើម្បីផ្តល់គ្រាប់ពូជស្រូវក្រអូប (ពូជស្រូវផ្ការំដួល) ដល់បណ្តុំអាជីវកម្មដំណាំស្រូវក្រអូប ក្នុងការសាបអោយទាន់ពេលវេលា។ នៅក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានបណ្តុំអាជីវកម្មស្រូវក្រអូបចំនួន ២បណ្តុំ ដោយក្នុងនោះមានចំនួន៧ភូមិ រួមមាន៖
១.ភូមិដីក្រហមចំនួន ៦គ្រួសារ
២.ភូមិហង្សចំនួន ១១គ្រួសារ
៣.ភូមិពោធិ៍ត្បែងចំនួន ១១គ្រួសារ
៤.ភូមិត្រាំកង់ចំនួន ១០គ្រួសារ
៥.ភូមិត្រពាំងខ្នាចំនួន ៣គ្រួសារ
៦.ភូមិត្រពាំងអណ្តូងចំនួន ៤គ្រួសារ
៧.ភូមិត្រពាំងខ្យងចំនួន ៥គ្រួសារ
សរុបចំនួន គ្រួសារ៥០ ដោយក្នុង១គ្រួសារទទួលបានស្រូវពូជចំនួន ២០គីឡូក្រាម។