ដំណើរទស្សនៈកិច្ចពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃការអនុវត្តកម្មវិធី ASPIRE របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ១៤ ឧសភា ២០២០
419

នាថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ២០២០
#ស្រុកថ្ពង៖ លោក ឈៀង តុលា ប្រធានមន្ទីរ និងមន្រ្តីរាជការក្រោមឱវ៉ាត បានចូលរួមអមដំណើរទស្សនៈកិច្ចរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃការអនុវត្តកម្មវិធី ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៅភូមិ ដូនទិព្វ ឃុំប្រាំបីមុម  ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

តាមការរាយការណ៍របស់លោក ជួប ឃៀង ម្ចាស់ចំការ បានឲ្យដឹងថាលោក និង ៣០គ្រួសារផ្សេងទៀត បានចាប់យកអាជីពដាំបន្លែជារបរស្នូលជាង ១០ឆ្នាំមកហើយតាំងពីទំនប់ទឹកប្រាំបីមុមបានកសាងរួច។ បច្ចុប្បន្ន ដោយទទួលបានការឧបត្ថម្ភគាំទ្របច្ចេកទេសពីកម្មវិធី ASPIRE ធ្វើឲ្យមុខរបរដាំបន្លែមានការវិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ ដោយជាមធ្យមក្នុង ១ឆ្នាំគាត់អាចរកចំណូលបានជាង ២០លានរៀល។ បន្ទាប់ពីបានឃើញសមិទ្ធផលរបស់គម្រោង ជាពិសេសលទ្ធផលរបស់កសិករដែលទទួលបាននាពេលនេះគឺចំណូលក្នុងគ្រួសារ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឲ្យប្រជា ពលរដ្ឋខិតខំប្រឹងប្រែងបន្ថែមទៀតលើការងារដាំដុះបន្លែ ធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានាគុណភាព លើកកម្ពស់សមត្ថភាពកែច្នៃវេចខ្ចប់ ដើម្បីធ្វើការប្រកួតប្រជែង ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ និងជាពិសេសកាត់បន្ថយការនាំចូល។ លោកបានណែនាំឲ្យមន្ទីរជួយធ្វើការបណ្តុះបណ្តាលបច្ចេកទេសបន្ថែម ដោយផ្តោតជាសំខាន់លើការប្រើប្រាស់ផ្ទះសំណាញ់ និងប្រព័ន្ធស្រោចស្រពបន្លែ ការអនុវត្ត GAP ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ធ្វើយ៉ាងណាបង្កើនការជឿទុកចិត្តពីអតិថិជន តាមរយ:គុណភាព និងសុវត្ថិភាព។ ក្រៅពីនេះ មន្ទីរគួរសិក្សាពីលទ្ធភាពបង្កើតកន្លែងប្រមូលផ្តុំបន្លែបន្ថែម ដើម្បីធានាបរិមាណផ្គត់ផ្គង់ ពង្រឹងបច្ចេកទេសវេចខ្ចប់ និងផ្តល់ស្លាកសញ្ញាសម្គាល់ច្បាស់លាស់ ចៀសវាងការបន្លំ ឬក្លែងក្លាយផលិតផល។

ចំនួនអ្នកចូលទស្សនា
Flag Counter