ដំណើរទស្សនៈកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យកសិដ្ឋានចិញ្ចឹមគោបំប៉នយកសាច់
ចេញ​ផ្សាយ ១៥ កញ្ញា ២០១៩
317

នាព្រឹកថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវព្រមទាំងសហការីបានឈានចូលមកខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យការងារបង្កបង្កើនផលក្នុងវិស័យកសិកម្មរបស់ប្រជាកសិករ។

#ស្រុកបសេដ្ឋ៖ បន្ទាប់ពីចេញពីស្រុកសំរោងទង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមអភិបាលខេត្ត បានបន្តដំណើរមកស្រុកបសេដ្ឋ ឃុំស្វាយចចិប ភូមិចារ ដើម្បីមកពិនិត្យកសិដ្ឋានចិញ្ចឹមគោ Dong Sung Farm។ លោក គីម វ៉ុន គុក ម្ចាស់កសិដ្ឋានបានធ្វើអត្ថាធិប្បាយអំពីប្រវត្តិរបស់កសិដ្ឋាន គឺបង្កើតនៅចុងឆ្នាំ ២០១៨ បច្ចុប្បន្នមានគោសាច់ចំនួនជាង ៧០០ក្បាល ភាគច្រើនគោទាំងអស់បានប្រមូលទិញពីប្រជាកសិករយកមកបំប៉នយកសាច់ដោយប្រើប្រាស់ចំណីមានគុណភាពល្អ។ លោកគីម បានបន្ថែមទៀតថា លោកកំពុងរៀបចំសត្តឃាតដ្ឋានមួយមានស្តង់ដារអនាម័យ គុណភាព និងសុវត្ថិភាពខ្ពស់សមស្របតាមស្តង់ដារសត្តឃាតដ្ឋានអន្តរជាតិ។ អនាគតកសិដ្ឋានមានផែនការពង្រីកការផលិតកម្មចិញ្ចឹមឲ្យដល់ទៅ ៥០០០ក្បាល ដោយធ្វើការនាំចូលពូជគោល្អៗ ការបង្កាត់សប្បនិម្មិត និងរួមសហការជាមួយអ្នកចិញ្ចឹមគោក្នុងតំបន់នេះ តាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។

ក្នុងទឹកចិត្តសប្បាយរីករាយ ដោយបានឃើញកសិដ្ឋានចិញ្ចឹមគោមានស្តង់ដារល្អកម្រិតអន្តរជាតិដោយបាននាំយកបច្ចេកវិទ្យាពីកូរ៉េមកអនុវត្តបានយ៉ាងល្អ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈវិនិយោគកសិដ្ឋានរបស់លោកគីម ហើយក៏អាចនិយាយបានថា ជាកសិដ្ឋានចិញ្ចឹមគោបំប៉នយកសាច់ល្អជាងគេនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ដោយសំអាងលើការគ្រប់គ្រង ហេដ្ឋារចនាសម្ព័ន្ធ គុណភាពចំណី អនាម័យ បរិស្ថានជុំវិញ ចំនួនសត្វ និងសុខភាពនៃសត្វ។ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការគាំទ្រ និងលើកទឹកចិត្តដល់ផែនការពង្រីកផលិតកម្មចិញ្ចឹមនាពេលអនាគត ព្រោះវានឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យផលិតកម្មគោសាច់នៅកម្ពុជាឲ្យបាន់តែល្អប្រសើរឡើងជាលំដាប់ ស្របពេលដែលនិន្នាការនៃការចិញ្ចឹមគោបំប៉នរបស់ប្រជាកសិករនៅទូទាំងប្រទេសបាននិងកំពុងតែមានការកើនឡើងគួរឲ្យកត់សម្គាល់។ ម៉្យាងវិញទៀត វានឹងចូលរួមចំណែកយ៉ាងវិជ្ជមានក្នុងការផ្គត់ផ្គង់សាច់គោមានស្តង់ដារអនាម័យ គុណភាព និងសុវត្ដិភាព ដែលផលិតចេញពីកសិដ្ឋានចិញ្ចឹម និងសត្តឃាតដ្ឋានមួយមានលក្ខណបច្ចេកទេសត្រួតពិនិត្យលើគ្រប់ខ្សែច្រវាក់ផលិតកម្មយ៉ាងហ្មត់ចត់។

ទន្ទឹមនឹងនេះ លោកក៏បានណែនាំឱ្យការិយាល័យផលិតកម្មសត្វ និងសុខភាពសត្វបន្តផ្តល់កិច្ចសហការជាមួយកសិដ្ឋានឲ្យបានពេញលេញ ប្រយោជន៍ដើម្បីនិរន្តរភាពនៃដំណើរការវិនិយោគរបស់កសិដ្ឋាន។ ដោយឡែក អគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វគួររៀបចំកម្មសិក្សា ដកស្រង់ ផ្លាស់ប្តូរបទពិសោធន៍បច្ចេកទេសចិញ្ចឹមរវាងកសិដ្ឋាននេះ ជាមួយកសិដ្ឋានផ្សេងៗ ឬអ្នកចិញ្ចឹមដែលការអនុវត្តបច្ចេកទេសចិញ្ចឹម ការគ្រប់គ្រង និងការផលិតចំណីរបស់ពួកគាត់នៅមានកម្រិត។

ចំនួនអ្នកចូលទស្សនា
Flag Counter