ដំណើរទស្សនៈកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យការដាំដុះដំណាំបន្លែរបស់ប្រជាកសិករ
ចេញ​ផ្សាយ ១៤ កញ្ញា ២០១៩
200

នាព្រឹកថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវព្រមទាំងសហការីបានឈានចូលមកខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យការងារបង្កបង្កើនផលក្នុងវិស័យកសិកម្មរបស់ប្រជាកសិករ។

#ស្រុកសំរោងទង៖ បន្ទាប់ពីចុះពីនិត្យកសិដ្ឋានចិញ្ចឹមជ្រូកសាច់រួចមក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ និងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ព្រមជាមួយសហការីបានបន្តដំណើរមកឃុំកាហែង ស្រុកសំរោងទង ដើម្បីពិនិត្យការដាំដំណាំបន្លែរបស់ប្រជាកសិករដែលជាសមាជិកនៃសហគមន៍បន្លែចម្រុះជាយក្រុង។ ពិនិត្យលើទិដ្ឋភាពជាក់ស្តែង បងប្អូនប្រជាកសិករនៅឃុំនេះ ភាគច្រើននិយមដាំបន្លែសាលាដ ផ្ទី និងត្រកួន ដែលជាប្រភពចំណូលបន្ថែមសម្រាប់លើកស្ទួយជីវភាពគ្រួសារ ក្រៅពីដំណាំស្រូវ។ បងស្រី យូ លន់ ប្រធានសហគមន៍បន្លែចម្រុះជាយក្រុងកំពង់ស្ពឺ បានឲ្យដឹងថា ដោយទទួលបានការគាំទ្រ និងបច្ចេកទេសពីគម្រោង ASPIRE ប្រជាកសិករជាង ១០០គ្រួសារ បានផលិតបន្លែសុវត្ថិភាព រួចលក់ឲ្យឈ្មួញកណ្តាលក្នុងស្រុកដោយក្នុង១ខែ មួយគ្រួសារអាចរកចំណូលបានពី ២-៣ លានរៀល (អាស្រ័យតាមរដូវ និងការយកចិត្តទុកដាក់របស់គ្រួសារនីមួយៗផងដែរ)។

ឯកឧត្ដមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះភាពជោគជ័យដែលកសិករ និងសហគមន៍ទាំងមូលសម្រេចបាន ហើយបានជួយលើកទឹកចិត្តឲ្យបន្តខិតខំថែមទៀត ដោយត្រូវឈរលើគោលការណ៍បច្ចេកទេសត្រឹមត្រូវ ទាំងពូជ ការដាំដុះ មើលថែទាំ ទឹក សត្វល្អិត ការប្រមូលផល វេចខ្ចប់ ស្តុកទុក និងដឹកជញ្ជូនទៅកាន់ទីផ្សារប្រកបដោយគុណភាព និងអនាម័យ ទើបធ្វើឲ្យផលិតផលបន្លែរបស់យើងមានទីផ្សារល្អ និងតម្លៃខ្ពស់។ លោកក៏បានណែនាំឲ្យមន្ទីរជួយធ្វើការបណ្តុះបណ្តាលបច្ចេកទេសបន្ថែម ហើយអគ្គនាយកដ្ឋានគួរនាំយកគម្រោងថ្មីៗមកអនុវត្តនៅតំបន់នេះ ដោយផ្តោតជាសំខាន់លើការប្រើប្រាស់ផ្ទះសំណាញ់ និងប្រព័ន្ធស្រោចស្រព បន្លែ ការអនុវត្តកម្មវិធីកសិកម្មល្អ (GAP) ធ្វើយ៉ាងណាបង្កើនការជឿទុកចិត្តពីអតិថិជន តាមរយៈគុណភាព និងសុវត្ថិភាពនៃផលិតផល។ ក្រៅពីនេះ មន្ទីរគួរសិក្សាពីលទ្ធភាពបង្កើតកន្លែងប្រមូលផ្តុំបន្លែ ដើម្បីធានាបរិមាណផ្គត់ផ្គង់ និងគុណភាព ហើយក៏គួរពង្រឹងបច្ចេកទេសវេចខ្ចប់ និងផ្តល់ស្លាកសញ្ញាសម្គាល់ច្បាស់លាស់ និងជាពិសេសជំរុញការបង្កើតសេវាផ្តល់ឥណទានក្នុងសហគមន៍របស់ខ្លួន ដើម្បីកាត់បន្ថយហានីភ័យកម្ចីឥណទានឯកជនដែលមានការប្រាក់ខ្ពស់។

ចំនួនអ្នកចូលទស្សនា
Flag Counter