ដំណើរទស្សនៈកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកសាច់
ចេញ​ផ្សាយ ១៤ កញ្ញា ២០១៩
164

នាព្រឹកថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវព្រមទាំងសហការីបានឈានចូលមកខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យការងារបង្កបង្កើនផលក្នុងវិស័យកសិកម្មរបស់ប្រជាកសិករ។

#ស្រុកសំរោងទង៖ លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្រ្តីចូលរួមអមដំណើរ នៃការចុះទស្សនៈកិច្ច របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម  វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកសាច់ ជាលក្ខណៈឧស្សាហកម្មរបស់លោក ចាង ទូច ដែលស្ថិតនៅភូមិអូរនាងហ៊ីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

យោងតាមការរាយការណ៍របស់ម្ចាស់កសិដ្ឋានបានឲ្យដឹងថា
លោកបានចាប់ផ្តើមអាជីវកម្មនេះតាំងពីឆ្នាំ ២០១២ ដោយយកប្រាក់កម្ចីពីធនាគារជាង ៥ ម៉ីនដុល្លារ ដើម្បីយកមកសាងសង់ទ្រុងចិញ្ចឹមចំនួន ៣ ពេលនោះមានតែជ្រូកចំនួនជាង ១ ៥០០ក្បាលតែប៉ុណ្ណោះ។ ដោយមានការជ្រោមជ្រែង និងលើកទឹកចិត្តពីមន្ត្រីជំនាញទាំងផ្នែកបណ្តុះបណ្តាល បច្ចេកទេសក្នុងការចិញ្ចឹម និងជំនួយឧបត្ថម្ភគាំទ្រពីគម្រោងសិក្សាបច្ចេកទេសឡជីវឧស្ម័នខ្នាតមធ្យមសំរាប់បរិស្ថានឆ្លាតវៃ រួមជាមួយថវិកាវិនិយោគផ្ទាល់ខ្លួន បាននាំឲ្យគាត់ឈានទៅពង្រីកកសិដ្ឋាន និងបានអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយដៃគូ ក្រុមហ៊ុន ស៊ី ភី កម្ពុជា។

បច្ចុប្បន្ននេះ កសិដ្ឋានមាន ៥ទ្រុង ក្នុង ១ទ្រុងមានជ្រូកចំនួន ៦០០ក្បាល សរុប ៣ ០០០ក្បាល។ ក្នុង ១ឆ្នាំ ទូទាត់ថ្លៃចំណាយហើយ គាត់ទទួលបានចំណូលជាង ៦ម៉ីនដុល្លារ ហើយចំណូលដ៏រឹងមាំនេះបាននាំឲ្យគាត់សងលុយកម្ចីធនាគារអស់ហើយ ថែមតាំងផ្តល់ឱកាសជូនគាត់ពង្រីកកសិដ្ឋានថែមទៀត ដែលកំពុងរៀបចំដី និងធ្វើការសាងសង់ទ្រុងចិញ្ចឹមចំនួន ៣បន្ថែមទៀត។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ម្ចាស់កសិដ្ឋាន លោកបានបញ្ជាក់ថា កំណើននេះពិតជាស្របតាមដំណើរវិវឌ្ឍន៍រីកចម្រើនរបស់សេដ្ឋកិច្ចជាតិ កំណើនប្រជាជន និងជាពិសេសតម្រូវការ និងតម្រូវចិត្តនៃទីផ្សារ។ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការលើកទឹកចិត្ត និងណែនាំដល់មន្ត្រីជំនាញនិងក្រុមហ៊ុន ស៊ី ភី កម្ពុជា បន្តផ្តល់ការគាំទ្រដល់គាត់ និងប្រជាកសិករដែលចិញ្ចឹមជ្រូកទូទាំងខេត្តកំពង់ស្ពឺឲ្យពង្រឹង និងពង្រីកការចិញ្ចឹម ធានាបានទាំងបរិមាណ គុណភាព និងសុខុមាលភាពនៃអ្នកបរិភោគ។

ចំនួនអ្នកចូលទស្សនា
Flag Counter