ពិធីចុះអនុស្សារណៈយោគយល់គ្នា និងកិច្ចសន្យាផលិតកម្មកសិកម្មតាមកិច្ចសន្យាស្តីពីការផ្គត់ផ្គង់ស្ករត្នោតសរីរាង្គ
ចេញ​ផ្សាយ ២៣ មករា ២០១៩
1,400

នាព្រឹកថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៩

លោកឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានចូលរួមក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នា និងកិច្ចសន្យាផលិតកម្មកសិកម្មតាមកិច្ចសន្យាស្តីពីការផ្គត់ផ្គង់ស្ករត្នោតសរីរាង្គរវាងក្រុមហ៊ុន ស៊ីកនេឈ័រ អហ្វ អេស៊ា (Signatures of Asia) និងសហគមន៍កសិកម្មស្ករត្នោតកំពង់ស្ពឺ ដែលស្ថិតនៅក្នុងត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកឧដុង្គ។ ពិធីចុះហត្ថលេខាទិញស្ករត្នោតក្នុងក្របខ័ណ្ឌផលិតកម្មកសិកម្មតាមកិច្ចសន្យា បានធ្វើឡើង ដោយមានការអញ្ជើញចូលរួមពីអភិបាលរងស្រុកឧដុង្គ អ្នកស្រី យ៉ាន ចនចាន់វិច្ឆិកា, លោក ហង់ សុវណ្ណ អនុប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម លោក អៀ ឯកសា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ លោក ប្រាក់ សេរីវឌ្ឃ នាយកអង្គការ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា និងសហគមន៍កសិកម្ម, លោក ចាន់ ពេជ្រ ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ស៊ីកនេឈ័រ អហ្វ អេស៊ា (Signatures of Asia), ព្រមទាំងអាជ្ញាធរស្រុក-ឃុំ និងអង្គការស្ថាប័នមួយចំនួនទៀត។
ក្រុមហ៊ុនលោកបានចុះហត្ថលេខាទិញស្ករត្នោតពីសហគមន៍កសិកម្មត្នោតកំពង់ស្ពឺបួនឆ្នាំមកហើយសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ ដោយឡែកឆ្នាំនេះ ក្រុមហ៊ុនត្រូវការស្ករត្នោតសរីរាង្គចំនួន១៦០តោនទៀត ពីខេត្តកំពង់ស្ពឺ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស ក្នុងក្របខ័ណ្ឌផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលនាំផលប្រយោជន៍ ដល់កសិករដែលជាអ្នកផលិតស្ករត្នោតលក់ បានតម្លៃខ្ពស់សមរម្យ និងធានាបានដល់ អ្នកប្រើប្រាស់ ស្ករត្នោតសុទ្ធពិតប្រាកដមិនក្លែងក្លាយ។

ចំនួនអ្នកចូលទស្សនា
Flag Counter